ប្រវត្តិ Charlie Chaplin (សាកឡូ)



ជាកំពូលតារាកំប្លែងពិភពលោកក្នុងយុគភាពយន្ត “គ” ហើយគាត់​ត្រូវបានពិភពលោក​ហៅឈ្មោះ ថា សាកឡូ, កាលីតូ និង ដឺ វ៉ាហ្កាប៊ុនដ៍, គាត់ក៏ជាអ្នកនិពន្ធ រឿងភាពយន្ត និងបទ​ភ្លេង, ដឹកនាំរឿង និងជាតួសម្ដែងផងដែរ ហើយគាត់បានឆ្លងកាត់អាពាហ៍ពិ ពាហ៍ដល់ទៅ៤លើក ។​សាកឡូ មាន​ឈ្មោះ​ពេញថា ឆាលស៍ ស្ប៉េនស៊ឺរ៍ ឆាលី ឆាបលីន(Charles Spencer Charlie Chaplin) ត្រូវបានគេហៅត្រឹមតែ ឆាលី ឬ ឆាបលីន កើតថ្ងៃទី១៦ មេសា ១៨៨៩ នាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ឪពុកឈ្មោះ ឆាលស៍ ស្ប៉េនស៊ឺរ៍ ជាអ្នកបញ្ចូលសំឡេង និងជាតារាសម្ដែង , ម្តាយឈ្មោះ ហាណាហ៍ ឆាបលីន ជាអ្នកចម្រៀង និងជាតារាសម្ដែង ។ ពួកគេបានចែកផ្លូវគ្នា​នៅ​ពេលដែល ឆាលី មានអាយុមិនទាន់បាន៣ឆ្នាំផង ។ឆាលីបានរៀនច្រៀងពីឪពុក-ម្តាយរបស់គាត់ ។ គាត់បានរស់នៅជាមួយម្តាយ និងបងប្រុសម្តាយជាមួយ ឪពុកទីទៃម្នាក់ឈ្មោះ ស៊ីដនី វ៉លហ្វ័ដ ហើយបានផ្លាស់ប្តូរទីកន្លែងជារឿយៗ ។ឪពុករបស់គាត់ជាមនុស្ស​ប្រមឹក មានស្រីកំណាន់​ម្នាក់​ទៀត​ ហើយពុំសូវមានទំនាក់ទំនងជាមួយ ឆាលី ឡើយ ។​ ឆាលី និង បង​ប្អូន​ឪពុក​ទីទៃរបស់គាត់បានរស់នៅជាមួយឪពុកគាត់ នៅពេលដែលម្តាយរបស់គាត់មានជំងឺផ្លូវចិត្ត ។ ស្រីកំណាន់របស់ឪពុកគាត់ បានបញ្ជូនពួកគាត់ទៅសាលាព្រះវិហារសម្រាប់កុមារឈ្មោះ Archbishop Temple’s Boys School ។ ឪពុករបស់គាត់បានស្លាប់នៅឆ្នាំ១៩០១ ដោយរោគថ្លើម នៅពេលដែល ឆាលី មានអាយុ១២ឆ្នាំ ។ ឆាលី ក៏បានរស់នៅជាមួយក្រុមល្ខោនកុមារីឈ្មោះ The Eight Lancashire Lads ។
             ឆ្នាំ១៩០៣ ឆាលី បានដើរតួដំបូងជាក្មេងបម្រើនៅក្នុងរឿង Sherlock Holmes, និពន្ធដោយ វីល្លាម ហ្គីលីត តួសម្ដែងដោយតារាអង់គ្លេស សេន្តស្បើរ៍រី ។ សេន្តស្បើរ៍រី បានយក ឆាលី ឱ្យនៅក្បែរគាត់ និង បានបង្ហាត់បង្រៀនគាត់ឱ្យត្រួតត្រាលើទេពកោសល្យរបស់គាត់ ។ឆ្នាំ១៩០៥ ហ្គីលីត បានត្រឡប់ទៅអង់គ្លេសម្តងទៀត ដើម្បីចាប់ផ្តើមរឿងថ្មីរបស់គាត់ឈ្មោះ Clarice ។ ឆាលី ត្រូវបានគេនាំយកមកពីខេត្តដើម្បីដើរតួជាអ្នកបម្រើឈ្មោះ ប៊ីល្លី ។ គាត់ត្រូវបាន ហ្គីលីត បង្ហាត់បង្រៀនពីរបៀបសម្ដែង ។
ឆ្នាំ១៩១០ ក្រុមល្ខោនរបស់គាត់បានទៅសម្ដែងនៅអាមេរិក រហូតដល់ឆ្នាំ១៩១២ ។​ត្រឡប់​ទៅអង់គ្លេសបាន៥ខែ ឆាលី បានត្រឡប់ទៅអាមេរិកម្តងទៀតជាមួយក្រុមល្ខោន Fred Karno​ ប៉ុន្តែ នៅពេលក្រុមរបស់គាត់ត្រឡប់ទៅអង់គ្លេសវិញគាត់បានបន្តនៅអាមេរិក ។​ចុងឆ្នាំ​១៩១៣ បន្ទាប់​ពីការសម្ដែងមក គាត់ត្រូវបានក្រុមហ៊ុនភាពយន្តជាច្រើន​នៅ​សហរដ្​ឋអាមេរិក​ ជួលគាត់ឱ្យថត​ឱ្យ​ពួកគេ ។​ភាពយន្តដំបូងរបស់ ឆាលី គឺរឿង Making a Living ធ្វើឱ្យនាយក​ក្រុមហ៊ុនមិនសប្បាយ​ចិត្តទាល់​តែសោះ ដោយសារ ឆាលី​ធ្វើឱ្យមាន​កំហុស​ដែលត្រូវបង់ថ្លៃខ្ពស់ ។ ទោះយ៉ាងណាគាត់បានផ្តល់ឱកាសឱ្យ ឆាលី ម្តងទៀត ។ រំពេចនោះភាពយន្តទាំងឡាយរបស់ ឆាលី ជោគជ័យយ៉ាងគគ្រឹកគគ្រេង ហើយគាត់​បាន​ក្លាយជាតារាដ៏សំខាន់បំផុត​នៅឯក្រុមហ៊ុន​ផលិត​ភាពយន្ត អាមេរិក Keystone ។​ខ្សែ​ភាពយន្ត​ “ ដំណើរតន្រ្ដំ” របស់គាត់បានចាប់​ផ្តើម​នៅ​ក្នុងយុគនៃភាពយន្ត “គ” ឬ ភាពយន្តគ្មានសំឡេង កាលដែលគាត់នៅ​ជាមួយក្រុមហ៊ុន​ភាពយន្ត​កំប្លែង Keystone បញ្ចាំងដំបូងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩១៤ ឈ្មោះ Kid Auto Races at Venice និង ក៏ជាពេលដែលគាត់​ចាប់ផ្តើមប្រើម៉ូដសម្លៀកបំពាក់​កំប្លែង​មុនដំបូង បំផុតដែរ ។ ពេលនោះ ឆាលី និង របៀបដើរតន្ដ្រំរបស់គាត់បានក្លាយជា​តារាដ៏មាន​ប្រជាប្រិយ​បំផុត នៅក្នុង​ក្រុមហ៊ុន​ខ្សែភាពយន្ត Sennett ។ ក្នុងឆ្នាំដំបូងដែលគាត់នៅជាមួយក្រុមហ៊ុន Sennett ឆាលី បានថតភាពយន្តខ្លីចំនួន៣៤រឿង ។
              តាមរយៈខ្សែភាពយន្តដំណើរតន្ដ្រំរបស់គាត់នេះឯងហើយដែលគាត់ត្រូវបាន គេស្គាល់​ឈ្មោះថា “សាកឡូ” (Charlot) នៅក្នុងពិភពប្រទេសដែលនិយាយភាសាបារាំង,អ៊ីតាលី​,​ អេស្ប៉ាញ,​ អង់ដូរ៉ា, ព័រទុយហ្កាល់, ក្រិក, រ៉ូម៉ានី និង តួកគី ។ ចំណែកនៅប្រទេសប្រេស៊ីល និង អាហ្សង់ទីន គេស្គាល់ឈ្មោះគាត់ថា “កាលីតូ” (Carlitos) ខណៈនៅអាល្លឺម៉ង់ គេស្គាល់ឈ្មោះថា “ដឺ វ៉ាហ្កាប៊ុនដ៍ (Der Vagabund) ។ ភាពយន្តដំណើរតន្រ្ដំ ត្រូវបានបញ្ចាំងមុនដំបូង​បំផុតនៅ​សហរដ្ឋអាមេរិក ។ ឆាលី បានក្លាយជាកំពូលតារានៅក្នុងពិភពអ្នកគាំទ្រភាពយន្ត “គ” ។
ឆ្នាំ១៩១៦ ក្រុមហ៊ុន Mutual Film Corporation បានជួលគាត់ឱ្យថតភាពយន្តកំប្លែងរាប់សិប ដែលក្នុងនោះភាពយន្តដែលល្បីល្បាញបំផុតមានដូចជារឿង Easy Street, One A.M., The Pawnshop, និង The Adventurer ជាដើម ។ ឆាលី បានចាត់ទុកថា អំឡុងពេលដែលគាត់​នៅជាមួយក្រុមហ៊ុន Mutual គឺជាពេលដែលគាត់មានសុភមង្គលបំផុតក្នុងអាជីពរបស់គាត់ ។ នៅពេលអាមេរិក ចូលខ្លួនទៅក្នុងសង្គ្រាមលោកលើកទី១ ឆាលី បានក្លាយជាអ្នកនាំពាក្យឱ្យ Liberty Bonds ។នៅពេលដែលគាត់បញ្ចប់​កិច្ចសន្យាជាមួយក្រុមហ៊ុន Mutual នៅឆ្នាំ១៩១៧ គាត់បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន First National ។
           ឆ្នាំ១៩១៩ ឆាលី គឺជាស្ថាបនិកម្នាក់ជាមួយមិត្តជិតដិតរបស់គាត់៣នាក់ទៀតដែលបាន បង្កើតស្ទូឌីយោ (Studio) មានឈ្មោះថា United Artists (UA)​ជាមធ្យាបាយគេចពី​ឥទ្ធិពល​ហូលីវូដ​ (Hollywood) ដែលព្យាយាមគ្របដណ្តប់លើវិស័យភាពយន្តទាំង ស្រុង។ គាត់បានបន្​តធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ UA រហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៥០ ។
            ឆ្នាំ១៩២៧ ភាពយន្តមានសំឡេងបានចាប់ផ្តើម និង បានក្លាយជាភាពយន្តពេញ​និយម​បំផុត ប៉ុន្តែឆាលី ឬ សាកឡូ ឬ កាលីតូ ឬ ដឺ វ៉ាហ្កាប៊ុនដ៍ នៅតែមិនថតភាពយន្តមានសំឡេង ។ គាត់និយាយថា “ កាយវិការមានលក្ខណៈសកលជាងពាក្យសម្ដី” ។ខ្សែភាពយន្ត​មាន​សំឡេង​ដំបូង​បំផុតរបស់ ឆាលី គឺរឿង The Great Dictator ដែលត្រូវបានបញ្ចាំងនៅឆ្នាំ១៩៤០ បញ្ចាំង​នៅសហរដ្ឋអាមេរិក ១ឆ្នាំមុនពេលអាមេរិកសម្រេច​ចិត្តចូលខ្លួនទៅក្នុង​សង្គ្រាមលោក​លើកទី២ ។ នៅក្នុង រឿងនេះ ឆាលី ធ្វើជាមនុស្សដែលយកម៉ូដែលតាម អាដុលហ្វ៍ ហ៊ីទ្លែរ របស់ អាល្លឺម៉ង់ ។ទោះ ឆាលី ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងវិស័យភាពយន្ត និង បានតាំង​លំនៅ​ស្ថាននៅសហរដ្ឋអាមេរិក ពីឆ្នាំ១៩១៤ ដល់ ឆ្នាំ១៩៥៣ ក្តី ក៏គាត់ត្រូវបាន FBI សង្ស័យថាជា​សកម្មជនកុម្មុយនិស្ត ហើយពួកគេបានព្យាយាមបញ្ចប់និវេសនដ្ឋានរបស់គាត់នៅអាមេរិក ។ សម្ពាធរបស់ FBI ទៅលើ ឆាលី បន្ទាប់ពីយុទ្ធនាការឆ្នាំ១៩៤២ របស់គាត់សម្រាប់ពួកអឺរ៉ុប ។
             ឆ្នាំ១៩៥២ គាត់បានចាកចេញពីអាមេរិកទៅលេងស្រុកកំណើតនាទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស ។ FBI បានពិភាក្សាជាមួយស្ថាប័នអន្តោប្រវេសន៍ឱ្យដកហូតទិដ្ឋាការរបស់ ឆាលី ដើម្បី​កុំ​ឱ្យគាត់មានសិទ្ធិត្រឡប់ចូលអាមេរិកវិញ ។ ឆាលី បានសម្រេចចិត្តថា នឹងមិន​ត្រឡប់​ចូល​អាមេរិក​វិញឡើយ ដោយគាត់មិនពេញចិត្តនឹងរដ្ឋាភិបាលអាមេរិក ហើយគាត់បានតាំងលំនៅឋាន នៅប្រទេសស្វ៊ីស ។ខែមេសា ឆ្នាំ១៩៧២ គាត់បានធ្វើដំណើរទៅសហរដ្ឋអាមេរិក​ក្នុងរយៈពេលដ៏​ខ្លីជាមួយភរិយារបស់គាត់ ដើម្បីទទួលពានរង្វាន់ អូស្កា (Oscar) ។ខ្សែភាពយន្តចុងក្រោយ​ចំនួន២របស់ ឆាលី ត្រូវបានផលិតនៅទីក្រុងឡុងដ៍ គឺរឿង A King in New York, ១៩៥៧, ដែល​គាត់បានដើរតួ, និពន្ធ, ដឹកនាំ និង ផលិត, និងរឿង A Countess from Hong Kong, ១៩៦៧ ដែលគាត់បានដឹកនាំ, ផលិត និងនិពន្ធ គាត់ក៏បាននិពន្ធភ្លេងសម្រាប់ភាពយន្តទាំង២នេះផងដែរ ។​​ឆាលី បានចូលនិវត្តន៍ពីពិភពសិល្បៈជាផ្លូវការនៅក្នុងខ្សែភាពយន្តរឿង Modern Times បញ្ចាំងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៣៦ ហើយនៅក្នុងភាពយន្តនេះ បានបញ្ចប់ដោយគាត់ដើរ​លើផ្លូវដ៏គ្មានទីបញ្ចប់មួយឆ្ពោះទៅជើងមេឃ ។ Modern Times ត្រូវបានគេចាត់ទុកថា ជា​ភាពយន្ត “គ “ចុងក្រោយបំផុតក្នុងលោក ។ ភាពយន្តច្រើនបំផុតរបស់ សាកឡូ គឺនៅពេល​ដែលគាត់នៅជាមួយក្រុមហ៊ុន Keystone, Essanay និងក្រុមហ៊ុន Mutual ។សុខភាព​របស់ ឆាលី បានចាប់ផ្តើមធ្លាក់ចុះជាលំដាប់នៅចុងទសវត្សរ៍១៩៦០ បន្ទាប់ពីគាត់​បានបង្ហើយ​ភាពយន្តចុង​ក្រោយឈ្មោះ A Countess from Hong Kong ។ នៅ ឆ្នាំ១៩៧៧ គាត់ក្រោកដើរលែងរួច ក៏ប្រើកៅអីមានកង់ ។ពិភពលោកលែងមានវត្តមានស្តេចកំប្លែងដ៏រស់រវើក ឆាលី ឆាបលីន ដោយគាត់បានលាចាកលោកនេះពេលកំពុងទទួលទានដំណេកនៅទីក្រុង Vevey,ប្រទេសស្វ៊ីស​ នៅថ្ងៃបុណ្យណូអែល នាឆ្នាំ១៩៧៧ ។ឆាលី ត្រូវបានបញ្ចូលទៅក្នុង Corsier-Sur-Vevey Cemetery នៃ ប្រទេសស្វ៊ីស ។ ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៧៨សាកសពរបស់គាត់ត្រូវបានគេ​លួច​ដើម្បី​ជម្រិតទារយកប្រាក់ពីគ្រួសារប៉ុន្តែពួកចោរទាំងនោះត្រូវបានចាប់ខ្លួន ហើយសពរបស់គាត់​ត្រូវបានរកឃើញ១១សប្តាហ៍ក្រោយមក និង ត្រូវបានកប់ម្តងទៀតនៅក្នុងជម្រៅ១,៨ ម៉ែត្រ ក្នុង​ទីដ៏អាថ៌កំបាំងមួយដើម្បីចៀសវាងត្រូវគេលួចម្តងទៀត ។ រូបសំណាករបស់​គាត់ត្រូវបាន​គេ​សាង​សង់នៅទីក្រុងVevey, ប្រទេសស្វ៊ីស ដែលនៅគង់វង្សរហូតដល់សព្វថ្ងៃ ។ទោះជាច្រើន​ទសវត្សរ៍​ហើយក្តី រូបរបស់គាត់ និងភាពយន្តរបស់គាត់ នៅតែធ្វើឱ្យមនុស្សផ្ទុះសំណើចទប់មិនជាប់ដដែល ហើយរហូតមកដល់សព្វថ្ងៃនេះ ពិភពលោកនៅតែពុំទាន់មានតារា​កំប្លែងណាម្នាក់អាច​បំបែក​ឯតទគ្គកម្ម គាត់បាននៅឡើយ។ចំពោះអាពាហ៍ពិពាហ៍វិញ ឆាលី បានឆ្លងកាត់ចំនួន៤លើក៖ ទី១ រៀបការជាមួយតារាភាពយន្តម្នាក់ឈ្មោះ មីលដ្រេដ ហារីស នៅឆ្នាំ១៩១៨ ហើយបាន​លែងលះ​គ្នា​នៅឆ្នាំ១៩២០ ។
  ឆ្នាំ១៩២៤គាត់បានរៀបការម្តងទៀតជាមួយតារាភាពយន្តឈ្មោះលីតាហ្ក្រេយ៍។ ពួកគេរួមរស់នឹងគ្នាបានកូន២នាក់ ក៏បានដល់ទីបញ្ចប់ទៀតនៅឆ្នាំ១៩២៧ ។​ឆ្នាំ១៩៣៦ ​គាត់បាន​រៀបការជាលើកទី៣ ជាមួយនាង ផល្លេត ហ្កូដដាដ ជាតារាភាពយន្តដែរ ហើយបានលែង​លះ​គ្នា​ទៀតនៅឆ្នាំ១៩៤២ ។ខែមិថុនា ឆ្នាំ១៩៤៣ ឆាលី ឆាបលីន បានរៀប​ការម្តងទៀតពេលដែល​គាត់​មានវ័យ៥៣ឆ្នាំ ជាមួយនាង អ៊ូណា អូណែល ដែលទើបតែមានអាយុ១៨ឆ្នាំ ។ ស្នេហ៍វ័យចំណាស់ ប៉ះប្រពន្ធក្មេងល្ហក់គូនេះចុះសម្រុង និងយល់ចិត្តថ្លើមគ្នាខ្លាំងណាស់ ហើយជាប្រភព​សុភមង្គល​ពិតប្រាកដនៃស្តេចកំប្លែងពិភពលោក ឆាលី ឆាបលីន ហៅ សាកឡូ របស់យើង ។ ពួកគេ​មាន​បុត្រ៨នាក់ និងរួមរស់នឹងគ្នាលុះ ឆាលី ទទួលអនិច្ចកម្ម ៕
Previous
Next Post »