គន្លឹះ​​ចំនួន​ ៦ ដើម្បី​សិក្សា​ផ្នែក​​គណនេយ្យ​ឲ្យ​មាន​ប្រសិទ្ធភាព ដោយនិស្សិត ឯក វល័ក្ខ

ACCA គឺជា​កម្មវិធី​សិក្សា បង្រៀន​ជំនាញ​គណនេយ្យ​ (Accountant) ​ដែល​បង្ហាត់ និង​បង្រៀន​ឲ្យ​និស្សិត​បាន​យល់ដឹង​ច្បាស់លាស់​ពី​ផ្នែក​គណនេយ្យ​។ ពិសេស​ទៅ​ទៀត​នោះ ACCA បាន​ធ្វើឲ្យ​និស្សិត​មាន​ឱកាស​ធ្វើការ​ក្នុង​តំណែង​ខ្ពស់ៗ សម្រាប់​ក្រុមហ៊ុន​ធំៗ​ផង​ដែរ​។

ACCA គឺជា​កម្មវិធី​សិក្សា​មួយ​​ដែល​​​ត្រូវ​បាន​ទទួល​ស្គាល់​នៅក្នុង​​ប្រទេស​​ ចំនួន​​ ១៧០ ប្រទេស​រួមមាន​​​ទាំង​កម្ពុជា​ផង​ដែរ​។


​​​​​​        និស្សិតកម្ពុជាកញ្ញា ឯក វល័ក្ខ​ប្រឡង​បាន​ពិន្ទុ ៩៣ លើ​ពិន្ទុ​សរុប ១០០ នៃ​ការ​ប្រឡងមុខ​វិជ្ជា F7 (Financial Reporting) នៃ​ការសិក្សា​វគ្គ​ ACCA រូប​នេះ បាន ណែនាំ​​ពី​វិធីសាស្ត្រ និង​ទម្លាប់​ល្អ​មួយ​ចំនួន​ដែល​ធ្វើឲ្យ​នាង​អាច​ទទួល​បាន​ពិន្ទុ​ល្អ​ជាង​គេ ​នេះ​ថា៖

ចំណុច​ទី​ ១ គឺ អាន​មេរៀន​ទុក​មុន​។ ការអាន​អាច​ជួយ​ឲ្យ​យើង​មាន​គំនិត​ច្រើន ជាពិសេស​បង្កើត​ជា​ចម្ងល់ ដែល​អាច​ជួយ​ឲ្យ​យើង​មាន​សំណួរ​ ឬ​យល់​បាន​ក្នុង​ពេល​គ្រូបង្រៀន​។

ចំណុច​ទី​ ២ គឺ​រៀន​ដោយ​ខ្លួនឯង។ ការរៀន​ខ្លួនឯង គឺ​ទាក់ទង​នឹង​ការអនុវត្ត​​លំហាត់​ក្រោយ​ចប់​ម៉ោង​រៀន​។ លំហាត់​នោះ​​អាច​យក​ពី​ជា​សៀវភៅ​លំហាត់ ឬ​ជា Past Paper​។ Past Paper​ គឺជា​​កម្រង​សំណួរ និង​លំហាត់​ទាក់ទង​នឹង​​ការប្រឡង​ ACCA កន្លងមក​។ សិស្ស​​អាច​ចូល​ទៅ​មើល Examiner Comment ដែល​ជា​មតិយោបល់​របស់​អ្នក​កំណែ​លំហាត់​ដែល​មាន​នៅ​ទំព័រ​ក្រោយ​នៃ​សៀវភៅ​ លំហាត់ ដែល​និយាយ​បកស្រាយ​​ពី​លំហាត់​នីមួយៗ និង​បកស្រាយ​​ពី​កំហុស​ក្នុង​ការប្រឡង​ដែល​សិស្ស​​អាច​ជួបប្រទះ​ក្នុង​ពេល​ ប្រឡង​កន្លងមក​។
ចំណុច​នេះ វល័ក្ខ​បាន​​ប្រាប់​ថា​៖ «​នៅពេល​យើង​ធ្វើ​លំហាត់​ហើយ យើង​ត្រឡប់​ទៅ​មើល​ចម្លើយ​​ដែល​យើង​បាន​ធ្វើ ថា​តើ​វា​ត្រឹមត្រូវ ឬ​ខុស​ត្រង់​ណា ហើយ​មើល​ការបកស្រាយ​របស់ Examiner ដូច្នេះ​យើង​នឹង​យល់​កាន់តែ​ច្រើន​»​។

ចំណុច​ទី​ ៣ ​គឺ ការតាមដាន​មេរៀន​ (Follow up)​។ នេះ​មាន​ន័យ​ថា នៅពេល​ដែល​យើង​រៀន​មេរៀន​មួយ គឺ​ត្រូវចេះ​មេរៀន​នឹង​ឲ្យ​ស្ទាត់​។ ធ្វើ​យ៉ាងណា​ត្រូវ​ប្រាកដ​ខ្លួនឯង​ថា​ត្រូវតែ​ចេះ​មេរៀន​នៅ​​ថ្ងៃ​ហ្នឹង និង​មាន​សមត្ថភាព​ធ្វើ​​លំហាត់​ឲ្យ​ចេះ និង​ស្ទាត់​។ វល័ក្ខ បាន​និយាយ​ថា​៖ «​បើ​សិន​ជា​យើង​​មិន​បាន​ទៅ​រៀន​(Missed class​) យើង​ក៏​ត្រូវ​ឲ្យ​ចេះ​​មេរៀន​​ហ្នឹង​ដែរ​»​។
និស្សិត​រូប​នេះ​​បន្ត​ទៀត​ថា ការកំណត់​ខ្លួនឯង​បែប​នេះ​គឺជា​ជំហាន​ល្អ​ក្នុង​ការ​តាមដាន នៅពេល​លោកគ្រូ​អ្នកគ្រូ​ណែនាំ​មេរៀន​ថ្មី​នៅក្នុង​ថ្នាក់​។

ចំណុច​ទី​ ៤ ​គឺ ព្យាយាម​ដាក់​សំណួរ​ឲ្យ​ខ្លួនឯង (Keep Asking ourselves questions)​។ ចំណុច​នេះ​ទាក់ទង​នឹង​ពេល​កំពុង​រៀន គឺ​នៅពេល​ដែល​លោក​គ្រូ ឬ​អ្នកគ្រូ​បង្រៀន​ពី​មេរៀន​ថ្មី​មក យើង​ត្រូវ​ចាប់ផ្តើម ដាក់​សំណួរ​ភ្លាម​ថា​៖ «​តើ​អី​ទៅ​ជា​ដើមហេតុ​នៃ​ការបង្កើត​មេរៀន​នេះ​ឡើង​? ដូចច្នេះ​យើង​ត្រូវ​គិត ហើយ​បង្កើត​ការគិត​ទុក​មុន​ (Expectation) ដែល​ជា​មូលហេតុ​ដែល​យើង​បាន​គិត​ដោយ​ខ្លួនឯង​។ បន្ទាប់មក​ចាំ​ស្តាប់​ការពន្យល់​របស់​គ្រូ ថា​តើ​ការពន្យល់​របស់​គាត់​ត្រូវ​ហ្នឹង​អ្វី​ដែល​យើង​បាន​គិត​​ឬ​អត់​? បើសិន​ជា​មិន​ត្រូវ​ទេ យើង​​ត្រូវ​ត្រឡប់​មក​ពិនិត្យ​មើល (​Expectation) របស់​យើង​ម្តង​ទៀត ដើម្បី​រក​ចំណុច​ខ្វះខាត​»​។

ចំណុច​ទី​ ៥ ​គឺ សិក្សា​ពី​ចំណេះដឹង​ទូទៅ​។​ ចំណេះដឹង​ទូទៅ​នៅ​ទីនេះ សំដៅ​​​ទៅលើ​​​ចំណេះដឹង​ផ្នែក​គណនេយ្យ និង​អត្ថបទ​​ផ្សេងៗ​ទាក់ទង​ផ្នែក​នេះ​។ វល័ក្ខ​ បាន​​ណែនាំ​ឲ្យ​ចូល​ទៅ​វេបសាយ​របស់​សាលា CamEd ឬ ACCA's website ដើម្បី​ចុច​មើល​អត្ថបទ​បច្ចេកទេស ​(Technical Article)​។ Technical Article ​គឺជា​ កន្លែង​ដែល​សិស្សនិស្សិត​អាច​ចូល​ទៅ​​មើល ឬ​អាន​ពី​អត្ថបទ​ផ្សេងៗ ដែល​មាន​ការពន្យល់​បកស្រាយ​ជាក់ច្បាស់ ទៅលើ​ផ្នែក​ណា​មួយ​ដែល​យើង​បាន​ដឹង និង​​ចង់​ចេះ​។

រីឯ ​ចំណុច​ចុងក្រោយ ​គឺ​ការដាក់ គោលដៅ​ឲ្យ​ខ្ពស់​ឲ្យ​ខ្លួនឯង​។ ជា​ឧទាហរណ៍ វល័ក្ខ​បាន​និយាយ​ថា៖ «​បើសិន​ជា​ពិន្ទុ​ស្តង់ដារ ត្រឹម​ ១០០ យើង​ត្រូវ​កំណត់​គោលដៅ​ឲ្យ​លើស​ទៅ​ដល់​ ១២០ ព្រោះ​ថា​​នៅពេល​ដែល​យើង​កំណត់​បែប​នេះ យើង​នឹង​ព្យាយាម​ខំ ធ្វើឲ្យ​បាន បើ​សំណាង​ល្អ យើង​អាច​ធ្វើ​បាន​ ៩០​ ឬ​ជិត​ ១០០ ​ពិន្ទុ​»​។ ទន្ទឹម​នឹង​ការ​ដាក់​គោលដៅ​ខ្ពស់ គឺ​ត្រូវតែ​មើល​លើ​ការខំប្រឹង​របស់​យើង​ដែរ​។

សរុបមក ​ACCA មាន​វគ្គ​សិក្សា​ចំនួន​ ១៤ ​មុខ ដែល​មាន​វគ្គ Foundation [​ឬ​ហៅថា ​វគ្គសិក្សា​ជំនាញ ​(Skill Level)] ចំនួន​ ៩ ​វគ្គ គួបផ្សំ​នឹង​វគ្គ Professional Level ចំនួន​ ៥ ​វគ្គ​ទៀត​។ ចំណែក​ក្នុង​ ១ ​វគ្គ គឺ​មាន​រយៈពេល ​៦ ​ខែ​៕
Previous
Next Post »